(បន្ទាយមានជ័យ) កូនឈើចំនួន២០០០០ដើម ជាប្រភេទដើមចាន់គីរី ដែលជាអំណោយរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តបន្ទាយមានជ័យ និងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកកជំទាវ ត្រូវបានលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ
រួមជាមួយឯកឧត្តម ហ៊ូ ប៊ុនហេង ក្រុមការងាររបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងជាសមាជិកក្រុមប្រឹក្សាខេត្ត និងក្រុមការងារបានរៀបចំពិធីប្រគល់ជូនលោក លោកស្រីថ្នាក់ដឹកនាំក្រុង ស្រុកទាំង៩ ក្នុងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ធ្វើនៅបរិវេណខណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យ។
ថ្លែងក្នុងឱនោះលោក យឹម សំណាង អភិបាលរងខេត្ត បានពាំនាំនៅប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តបន្ទាយមានជ័យ និងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកកជំទាវ ដល់ថ្នាក់ដឹកនាំក្រុង ស្រុកទាំង៩ ក្នុងខេត្តបន្ទាយមានជ័យ។
លោក យឹម សំណាង បានបញ្ជាក់ថា៖ ពិធីប្រគល់កូនឈើនាពេលនេះ គឺដើម្បីបង្កើនធនធានធម្មជាតិឡើងវិញ ការពារធនធានធម្មជាតិចម្រុះ និងកាត់បន្ថយឥទ្ធិពល អវិជ្ជមាននៃការប្រែប្រួល អាកាសធាតុ ជាពិសេសនោះគឺទុកជាសម្បិត្តជាតិ និងជាសម្បិត្តសកល និងដើម្បីកែប្រែសោភ័ណ្ឌភាពតំបន់រឺសាលរបស់ខ្លួន ដើម្បីលើកស្ទួយមុខមាត់ខេត្តបន្ទាយមានជ័យ។ ក៏ដូចជាដើម្បីថែរក្សាព្រៃឈើ និងការដាំដុះព្រៃឈើ គឺដើម្បីរក្សា បរិស្ថានបៃតងនៃធនធានធម្មជាតិ គុណភាពដី ជម្រកមនុស្ស សត្វ ដែលអាចអោយ យើងកាត់បន្ថយបាននូវភាពប្រឈមនឹងគ្រោះមហន្តរាយដោយគ្រោះរាំងស្ងួត បំរែបំរួលអាកាសធាតុ ភ្លើងឆេះព្រៃ ខ្យល់កន្ត្រាក់ ទឹកជំនន់ដែលបណ្តាលមក ពីការបាត់បង់ព្រៃឈើ ហើយព្រៃឈើគឺជាប្រភពធនធម្មជាតិដ៏សំខាន់ សម្រាប់ប្រទេសជាតិ។
បន្ទាប់ពីបញ្ចប់ការធ្វើពិធីប្រគល់កូនឈើជូនរួចមកលោក យឹម សំណាង និងក្រុមការងារ បានបន្តដំណើរទៅវិទ្យាល័យសម្ដេចឪ ដើម្បីចូលរួមជាមួយគណៈអភិបាលក្រុងសិរីសោភ័ណ ដឹកនាំដោយលោក ស្រេង សុផល នឹងលោក លោកស្រីប្រធានក្រុមប្រឹក្សាក្រុង គណៈអភិបាលរងក្រុង កងកម្លាំងទាំងបី មន្ត្រីរាជការ ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងក្រុមយុវជន ស.ស.យ.ក និងក្រុមយុវជនអភិវឌ្ឍន៍ ដើម្បីរៀបចំពិធីការដាំកូនឈើផ្ទាល់ជានិមិត្តរូបផងដែរ៕
0 comments:
Post a Comment