ខេត្តបន្ទាយមានជ័យ៖រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់និងអាកាសធាតុ ។នេះជាប្រធានបទអបអរខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម ដែលរៀបចំដោយសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយ។
ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត មានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា គឺជាស្ថាប័នមនុស្សធម៌បំពេញតួនាទី ជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ក្នុងវិស័យមនុស្សធម៌ស្របតាមយុទ្ធសាស្ត្រ២០២០-២០៣០ របស់កាកបាទក្រហមកម្ពុជា ជាក់ស្តែង ចាប់ពីខែឧសភា ឆ្នាំ២០២៣ ដល់ខែមេសា ឆ្នាំ២០២៤នេះ សាខាបានយកចិត្តទុកដាក់បង្កើនកិច្ច សហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀតជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សប្បុរសជន និងផ្នែកពាក់- ព័ន្ធក្នុងការឆ្លើយតបផ្តល់អំណោយដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះបានចំនួន៨៨០គ្រួសារ ក្នុង នោះមានខ្យល់កន្ត្រាក់, ទឹកជំនន់, អគ្គិភ័យ, ស្លាប់ដោយលង់ទឹក និងគ្រួសារក្រីក្រ។ អំណោយជាថវិកា ឬ សម្ភារៈ ដែលសាខាទទួលបានពីការបរិច្ចាគនេះ យើងខ្ញុំសូមសន្យាថា នឹង គ្រប់គ្រងដោយហ្មត់ចត់ប្រកបដោយគណនេយ្យភាព និងតម្លាភាពគ្រប់កាលៈទេសៈស្របតាមបទបញ្ញត្តិហិរញ្ញវត្ថុរបស់កាកបាទក្រហមកម្ពុជា និងប្រើប្រាស់ធនធានទាំងអស់នោះឲ្យចំគោលដៅ។
លោក ង៉ោ ម៉េងជ្រួន ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត បានឡើងអានសារលិខិតសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាមានខ្លឹមសារបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤នេះ ប្រធានបទ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ មានគោលបំណងសំខាន់បង្ហាញពីការប្តេជ្ញាចិត្តរបស់កាកបាទក្រហមកម្ពុជា បន្តកិច្ចខិតខំប្រឹងប្រែងពង្រឹង និងពង្រីកការអប់រំផ្សព្វផ្សាយស្តីពីការថែទាំសុខភាពបឋមតាមសហគមន៍ និង ពង្រឹងភាពធន់នឹងអាកាសធាតុ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តវិធានការគន្លឹះនានា ជាពិសេសក្នុងរដូវប្រាំងឆ្នាំនេះ ដែលកម្ដៅកើនឡើងខ្ពស់មិនធ្លាប់ដែលមាន ដើម្បីពង្រឹងសេវាថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសាកល ធានាសុវត្ថិភាពសុខភាព និងការលើកកម្ពស់សុខុមាលភាព និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម ឌិត ទីណា បានមានប្រសាសន៍ថា ស្របពេលដែលពិភពលោកកំពុងជួបវិបត្តិភ័យ និងការបាត់បង់ដែលមិនធ្លាប់មានពីមុនមក សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម កំណត់យកប្រធានបទ “ថែរក្សាមនុស្សជាតិ ឱ្យរស់រានមានជីវិត” សម្រាប់ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ដែល បង្ហាញអំពីការចូលរួមយ៉ាងក្រៀមក្រំជាមួយអ្នករងគ្រោះ និងងាយរងគ្រោះនៅទូទាំងពិភពលោក ព្រមទាំង ជំរុញការចូលរួមលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ សម្រាលទុក្ខលំបាក និងពង្រីកការផ្តល់ជំនួយ មនុស្សធម៌ដល់ប្រជាជនដែលកំពុងប្រឈមមុខនឹងបញ្ហាមនុស្សធម៌ធ្ងន់ធ្ងរ ជាពិសេស នៅតំបន់ដាច់ស្រយាល និងតំបន់ពិបាកទៅដល់។
គួរបញ្ជាក់ថាថវិកាដែលប្រមូលបាន នាឱកាសនេះ គិតជាប្រាក់ដុល្លារសហរដ្ឋអាមេរិកចំនួន ជាង ២១ម៉ឺនដុល្លារ នេះគឺជាតួលេខបឋម៕
0 comments:
Post a Comment