ខេត្តបាត់ដំបង៖ពីវេទិកាអធិបតីនៃទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៥ ដែលប្រារព្ធធ្វើឡើងនៅមណ្ឌលកីឡដ្ឋានខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
បានបន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសកាត់បន្ថយអត្រាអ្នកស្លាប់ និងរងរបួសប្រចាំថ្ងៃ ដែលនៅតែបន្តស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភ នាឆ្នាំ២០២៤ នេះទៀត។
ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានរម្លឹកជូនអង្គពិធីជាង ១ ២០០នាក់ អំពីការប្រែប្រួលដ៏គួរឱ្យកត់សម្គាល់នៃស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ដែលធៀបនឹង១៥ឆ្នាំមុន អត្រាអ្នកស្លាប់ប្រចាំថ្ងៃ មានតិចជាងការស្លាប់ដោយសារអាវុធជាតិផ្ទុះឬមីន និងមេរោគអេដស៍ ប៉ុន្តែ១៥ឆ្នាំចុងក្រោយនេះ គ្រោះថ្នាក់ចរាចរណ៍បាននឹងកំពុងបន្តឈរខ្ពស់គួរបារម្ភជារៀងរាល់ឆ្នាំ។
ភ្ជាប់នឹងការគូសបញ្ជាក់អំពីដំណើរទស្សនកិច្ចនៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលទើបបញ្ចប់ទៅថ្មីៗនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញការកត់សម្គាល់ជូនអង្គពិធីទៀតថា កាលពីឆ្នាំ២០២៣ ស្វីស ដែលមានប្រជាជនជាង ៨លាននាក់ មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍តែជាង៤០នាក់ ខណៈអាល្លឺម៉ង់ មានប្រជាជនជាង ៨០លាននាក់ មានអ្នកស្លាប់ប្រមាណតែ១៥០នាក់ ស្របពេលកម្ពុជា ដែលមានប្រជាជនជាង ១៦លាននាក់ មានអ្នកស្លាប់ជាង ១ ០០០នាក់។
គួរកត់សម្គាល់ថា មកដល់ដើមឆ្នាំ២០២៤ នេះ ជាមធ្យមកម្ពុជា មានករណីគ្រោះថ្នាក់ចរាចរណ៍ ៩លើក បណ្ដាលឱ្យមានមនុស្សស្លាប់ប្រមាណ ៤នាក់ ជារៀងរាល់ថ្ងៃ។ ផ្អែកលើស្ថានភាពនេះ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានបង្ហាញការព្រួយបារម្ភអំពីលទ្ធភាពនៃការឈានទៅសម្រេចបានជោគជ័យលើផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ ដែលកំណត់ដោយអង្គការសហប្រជាជាតិ។
ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្កើនសំឡេងអំពាវនាវដោយទទូចទៅកាន់ភាគីពាក់ព័ន្ធបន្តគាំទ្រការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើរទន្ទឹមគ្នានឹងស្មារតីនៃការចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ ចាប់ពីមិត្តភក្ដិ ក្រុមគ្រួសារ សហគមន៍ សាលារៀន សាសនា អង្គភាពបំពេញការងាររដ្ឋនិងឯកជន ដោយផ្ដោតលើគោលការណ៍សំខាន់ៗដូចជា ចេះបើកបរឱ្យបានត្រឹមត្រូវ មានសីលធម៌ មិនលើសល្បឿន មិនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងនិងគ្រឿងញៀន ត្រូវពាក់មួកឬខ្សែក្រវ៉ាត់សុវត្ថិភាព ត្រូវប្រកាន់ស្ដាំ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសជាប្រចាំជាដើម។
សូមបញ្ជាក់ថា ទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាព្រឹត្តិការណ៍ដ៏សំខាន់មួយផ្តួចផ្តើមដោយអង្គការសហប្រជាជាតិ ដែលបានកំណត់យកខែឧសភា ជារៀងរាល់ឆ្នាំ ប្រារព្ធឡើងនៅតាមបណ្តាប្រទេសនានាទូទាំងសកលលោក ដើម្បីជាការក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋនៅទូទាំងពិភពលោក ពិសេសប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសកម្ពុជា ឱ្យយកចិត្តទុកដាក់លើកកម្ពស់វិស័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក៕
0 comments:
Post a Comment