ខេត្តបន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរទេសចរណ៍ខេត្ត នៅព្រឹកថ្ងៃទី២៨ ឧសភាឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការលើកកម្ពស់ សិទ្ធិតួនាទី និងតម្លៃស្ត្រីក្នុងវិស័យទេសចរណ៍ក្រោមអធិបតីលោក ជំទាវហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ។សិក្ខាសាលានេះបានធ្វើឡើងនៅសាលាខេត្តបន្ទាយមានជ័យដោយមានការចូលរួមពីអស់លោក លោកស្រីម្ចាស់ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ខារ៉ាអូខេ ហាងម៉ាស្សា និងអាហរដ្ឋាននិស្សិត និងក្រុមយុវជនផងដែរ។
លោក ឈឿង សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា ស្ថិតិភ្ញៀវទេសចរបរទេសក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៤ នេះមានភ្ញៀវទេសចរចូលរួមតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មានចំនួន ៥៩ ៧៤៦៦នាក់ កើនឡើង ២០,៥៥ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៣ ។ពាក់ព័ន្ធការលើកកម្ពស់សិទ្ធិតួនាទីនិងតម្លៃស្ត្រីក្នុងវិស័យទេសចរណ៍ មន្ទីរបានចាត់តាំងមន្ត្រីធ្វើការបញ្ជ្រាបយេនឌ័រ. តាមរយៈការចុះណែនាំត្រួតពិនិត្យតាមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍នានា តាមរយៈកិច្ចប្រជុំសិក្ខាសាលានិងវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា( ហូកា )។ជាងនេះទៅទៀតមន្ទីរបានសហការជាមួយក្រុមការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចុះធ្វើការណែនាំនិងផ្សព្វផ្សាយដល់បុគ្គលិកបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពិសេសស្ត្រីដែលបម្រើការងារនៅរង្កសាល ឌីស្កូតែក. ខារ៉ាអូខេ បៀរហ្គាដិន កន្លែងម៉ាស្សា និងស្ប៉ាដោយស្របតាម លិខិតបទដ្ឋាន ជាធរមាន ដែររដ្ឋនឹងរ៉ាប់រងលើចំណាយទាំងស្រុង ដើម្បីធានាឲ្យបាននូវសន្ដិសុខ ប្រាក់ចំណូលកាត់បន្ថយភាពរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុសំដៅកាត់បន្ថយនិងទប់ស្កាត់ការធ្លាក់ចុះក្នុងភាពក្រីក្រទេអតិបរមាក្នុងខេត្ត។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តនិងលោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកស្ត្រីគឺជាកម្លាំងចលករដ៏មានសក្ដានុពលនិងជាភាគីពាក់ព័ន្ធដែលពុំអាចខ្វះបានដែលបានរួមចំណែកយ៉ាងសកម្មនៅក្នុងការលើកស្ទួយកម្រិតជីវភាពគ្រួសារសហគមន៍សេដ្ឋកិច្ចនិងសង្គមជាតិជាពិសេសតួនាទី ស្ត្រីការអនុវត្តនូវសកម្មភាពនានាបង្កើនភាពអង់អាចជាមន្ត្រីរាជការក្ដី និងស្ត្រីប្រកបមុខរបរឧស្សាហកម្មទេសចរណ៍ក្ដី គឺជាកត្តារួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យផ្សេងៗប្រកបដោយចិរភាពនិងបរិយាប័ន្ន។
លោកជំទាវ. ហ៊ុន ដានី បានមានប្រសាសន៍បន្តថា យន្តការជាតិស្ដីពីគោលនយោបាយសមភាពយេនឌ័ររបស់ស្ត្រីក្នុងវិស័យទេសចរណ៍គឺបង្កើនឲ្យមានការចូលរួមរបស់ស្ត្រីក្នុងការអភិវឌ្ឍដោយស្មើភាពស្មើសិទ្ធិជាមួយបុរសក្នុងភាពជាដៃគូទាំងក្នុងសកម្មភាពសង្គមសេដ្ឋកិច្ច និងការធ្វើសេចក្ដីសម្រេច ដើម្បីធានាបានសុខដុមនីយកម្ម សេចក្ដីថ្លៃថ្នូរអង់អាចក្លាហាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានចាត់ទុកថាស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គមជាតិ៕
0 comments:
Post a Comment